ស្វែងរកអត្ថបទ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន AMM លើកទី៥៥


 នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) លើកទី៥៥ ដោយមានចូលរួមពី មេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងសមាជិកអាវុធហត្ថជាច្រើនរូបទៀត។




លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ណែនាំ ដល់ នាយ នាយរងអាវុធហត្ថ ត្រូវបង្កើនការយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត ក្នុងកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ឲ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់គណៈប្រតិភូរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធដែលនឹងប្រព្រឹត្តិទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២២ នាពេលខាងមុខនេះ។





ជាចុងក្រោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានក្រើនរំលឹកជាថ្មីទៀតដល់សមាជិកក្រោមឱវាទទាំងអស់ ឲ្យបន្តចូលរួម បង្កា ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងបំប្លែងថ្មី ដែលកំពុងកើតមានឡើង គឺឆ្លងលឿន ឆ្លងរហ័ស ដូច្នេះទាមទារឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ដោយបន្តអនុវត្តនូវវិធានការ «៣កុំ ៣ការពារ» របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជា ការណែនាំ របស់ក្រសួងសុខាភិបាល គ្រប់ពេលវេលា និងគ្រប់ទីកន្លែងទាំងអស់៕





ឡើងអត្ថបទនៅ: July 28, 2022 | ប្រភេទ:

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមប្រជុំសភា

 នៅព្រឹក ថ្ងៃព្រហស្បតិ៍​ ១៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋសភា។



សម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦នេះ បានពិភាក្សាលើរបៀបវារៈមួយចំនួនដូចខាងក្រោម៖


១- ការសម្រេចអំពីសពុលភាពនៃអាណត្តិរបស់ឯកឧត្តម ចាប ម៉ុង ជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ជំនួសឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន ដែលបានទទួលមរណភាព។

២- ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីវិសោធនកម្មមាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។


៣- ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ។

៤- ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖ ១) កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃតំបន់សេដ្ឋកិច្ចពិសេសម៉ាកាវ នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនិងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ, ២) កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋតួកគីស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។



៥- ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យកម្ពុជា ចូលជាភាគីនៃអនុសញ្ញាស្តីពីជំនួយក្នុងករណីមានគ្រោះមហន្តរាយនុយក្លេអ៊ែរ ឬគ្រោះអាសន្នវិទ្យុសកម្ម៕









ឡើងអត្ថបទនៅ: July 27, 2022 | ប្រភេទ:

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយសាស្ត្រាចារ្យសកលវិទ្យាធិការ នៃសកលវិទ្យាល័យ Krirk និងជាសមាជិកក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី

 



នៅវិមានសន្តិភាព ព្រឹកថ្ងៃពុធ ៧រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះ 



សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញាតិឱ្យ សាស្ត្រាចារ្យបណ្ឌិត Krasae Chanawougse សកលវិទ្យាធិការ នៃសកលវិទ្យាល័យ Krirk និងជាសមាជិកក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។  




ឯកឧត្តម សាស្ត្រាចារ្យបណ្ឌិត Krasae Chanawougse

បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តម បានមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ គឺមានគោលបំណង៣ ទី១-គឺគោរពរាយការណ៍ជូនសម្ដេចតេជោ អំពីវឌ្ឍនភាពនៃមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយ ដែលមជ្ឈមណ្ឌលនេះ មកដល់ពេលនេះ បានក្លាយខ្លួនទៅជាមជ្ឈមណ្ឌលអន្តរជាតិ ។ ទី២-គោរពជូនអាហារូបករណ៍ឈ្មោះសម្ដេចតេជោចំនួន ៤០ ដែលអាហារូបករណ៍នោះ មានបញ្ចូលទាំងថ្លៃសាលា ថ្លៃស្នាក់នៅ អាហារ ៣ពេល និងប្រាក់ឧបត្ថម្ភសម្រាប់សិស្សទៅសិក្សានៅប្រទេសថៃ និងទី៣-គោរពសុំការអនុញ្ញាតជួបសម្ដេចតេជោសារជាថ្មីនាឆ្នាំក្រោយ។




ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរ និងរីករាយដែលមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី ត្រូវបានក្លាយជាមជ្ឈមណ្ឌលអន្តរជាតិ។ សម្តេចតេជោបានផ្ដល់ជាអនុសាសន៍ថា គប្បីធ្វើយ៉ាងណាជំរុញឲ្យអង្គការនេះ មានសកម្មភាពដោះស្រាយទប់ស្កាត់គ្រោះមហន្តរាយជាក់លាក់។


សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម ដែលបានផ្ដល់អាហារូបករណ៍ដាក់ឈ្មោះសម្ដេចតេជោ សម្រាប់សិស្សកម្ពុជា ទៅសិក្សានៅប្រទេសថៃ ។ សម្ដេចក៏បានសុំឲ្យឯកឧត្ដម បន្តពិភាក្សាជាមួយឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជ្រើសរើសសិស្សកម្ពុជាទៅសិក្សានៅប្រទេសថៃ។


ដោយឡែកចំពោះការស្នើសុំជួបសម្ដេចតេជោសារជាថ្មីនៅឆ្នាំក្រោយនោះ សម្តេចតេជោ បានសម្ដែងនូវសេចក្ដីរីករាយ នឹងជួបឯកឧត្តមរាល់ពេល ដែលឯកឧត្តមអញ្ជើញមកព្រះរាជាណាចក្រកម្ពុជា ៕

ឡើងអត្ថបទនៅ: July 19, 2022 | ប្រភេទ:

(ខ្លាំងមែន)៖ ទីតាំងសង្វៀនជល់មាន់និងអាប៉ោងដុះស្លែរ របស់ឈ្មោះ ពិន តន ហៅ តាតន( តើលោកជានរណា?) អីក៏ខ្លាំងម្ល៉េះបានជាអាជ្ញាធរ ខេត្តតនគីរី មិនហ៊ានចុះបង្ក្រាប...!

 ខ្លាំងមែន)៖ ទីតាំងសង្វៀនជល់មាន់និងអាប៉ោងដុះស្លែរ របស់ឈ្មោះ ពិន តន ហៅ តាតន( តើលោកជានរណា?) អីក៏ខ្លាំងម្ល៉េះបានជាអាជ្ញាធរ ខេត្តតនគីរី មិនហ៊ានចុះបង្ក្រាប...!

ថ្ងៃ​សុក្រ, ១៥ ខែ​ កក្កដា ឆ្នាំ២០២២ 

ខេត្តរតនគីរី ៖ ប្រជាពលរដ្ឋកំពុងតែនៅឆ្ងល់ហេតុអ្វីទីតាំសង្វៀនជល់មាន់និងបៀអាប៉ោងគ្រប់ប្រភេទដុះស្លែរ បើកពេញទំហឹងនៅក្នុងភូមិទុយ ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី។ប្រជាពលរដ្ឋបានឲ្យដឹងថា នៅក្នុងមូលដ្ឋានរបស់ពួកគាត់មានគេបើកសង្វៀនបញ្ជល់មាន់ វង់អាប៉ោង និងយូគី យ៉ាងពេញបន្ទុកដោយមានអ្នកចូលរួមលេងល្បែងយ៉ាងពពាក់ពពូន ដោយគ្មានការទប់ស្កាត់ពីមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានមិនមានវិធានទប់ស្កាត់ឡើយ។

ហើយបើតាមការឲ្យដឹងពីប្រជាពលរដ្ឋថាទីតាំងមួយកន្លែងនោះដោយមានមេល្បែងស៊ីសងមានឈ្មោះ ពិន តន ហៅ តាតន, អាចបើកល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទតាមអំពើចិត្ត។





ប្រជាពលរដ្ឋក៏បានបញ្ជាក់ទៀតថាការបើកល្បែងស៊ីសងនៅក្នុងខេត្តរតនគិរី ក្រៅតែពី លោក ពិន តន គឺមិនអាចបើកបានទេ

បើសិនអ្នកផ្សេងបើកល្បែងស៊ីសងមាន់ជល់នឹងអាប៉ោងគឺមិនបានយូរនោះទេ។

ប្រជាពលរដ្ឋកំពុងដាក់ការសង្ស័យថា លោក ហេង ប៊ុន្នី អភិបាលស្រុកបរកែវ និងលោក ថេង ចន្ទ័ធី អធិការនគរបាលស្រុកបរកែវ ប្រហែលជាត្រូវថ្នាំសន្តំរបស់លោក ពិន តន ហើយមើលទៅបានជា លោក ពិន តន មានសមត្ថភាព ធ្វើអ្វីបានតាមតែអំពើចិត្ត ។


ប្រភពដដែលបានឲ្យដឹងទៀតថាសង្វៀនបញ្ជល់មាន់ វង់អាប៉ោង យូគី នៅភូមិទុយ ឃុំ ទីងចាក់ ស្រុក បរកែវ ខេត្តរតនគិរី កំពុងបើកដំណើរការយ៉ាងរលូនដោយគ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាបឡើយ ។


ប្រជាពលរដ្ឋបានលើកឡើងថាបើគ្មានការបើកដៃពីសំណាក់មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធគឺបុគ្គលឈ្មោះ ពិន តន, មិនអាចបើកល្បែងស៊ីសងខុសច្បាប់បានឡើយ ហើយត្រូវប្រឈមនឹងការបង្ក្រាបជាមិនខាន។


លោក យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី តើមានសមត្ថភាពក្នុងការចុះបង្ក្រាបទីតាំងក្រុមញៀនល្បែងទាំងនោះដែលឬទេ?ទីណាមានល្បែងសុីសងទីនោះនិងក្លាយជាតំបន់អសន្តិសុខនាពេលខាងមុខគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាលតើអាចយកមកអនុវត្ត និងប្រកបដោយប្រសិទ្ធភាពដែលឬទេ?


ប្រជាពលរដ្ឋស្នើសុំដល់ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្ត រតនគិរី មេត្តាចាត់វិធានការក្នុងការទប់ស្កាត់ល្បែងស៊ីសងដុះស្លែរខាងលើនេះផង!!ចៀសវាងមានការរិះគន់ ពីបងប្អូនប្រជាពរដ្ឋនិងមហាជនដាក់ការសង្ស័យទៅលើអាជ្ញាធរមូលដ្ឋានមានការឃុបឃិតនិងបើកភ្លើងខៀវជាប្រព័ន្ធនិងបង្កើតបទល្មើសក្នុងមូលដ្ឋាន?គួរគប្បីចាប់មន្ត្រីជំនាញចុះបង្ក្រាបផង។ដើម្បីភូមិឃុំមានសុវត្ថិភាព៕

ឡើងអត្ថបទនៅ: July 15, 2022 | ប្រភេទ:

ព្រឹកស្អែក សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតក្រសួងទេសចរណ៍

 ព្រឹកស្អែក សម្ដេចតេជោ ហ៊ុន សែន   នឹងអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតក្រសួងទេសចរណ៍



នៅព្រឹកថ្ងៃព្រហស្បតិ៍​ ១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣) ដែលនឹងប្រព្រឹត្តទៅនៅសណ្ឋាគារសុខារ៉េសុីដង់ភ្នំពេញ។


គេហទំព័រ Facebook សម្ដេចតេជោនាយករដ្ឋមន្ត្រីនឹងផ្សាយផ្ទាល់(Live)ពិធីនេះទៅម៉ោង 7:30 ព្រឹក ពីសណ្ឋាគារសុខាភ្នំពេញ៕

ឡើងអត្ថបទនៅ: July 13, 2022 | ប្រភេទ:

សម្តេចតេជោ ហ៊ុន សែន ប្រកាសចូលរួមកាន់ទុក្ខទូទាំងប្រទេស នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ចំពោះមរណភាពអតីតនាយករដ្ឋមន្ត្រីជប៉ុន អាបេ ស៊ីនហ្សូ (Shinzo Abe)


 នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារពិសេស និងប្រកាសចូលរួមកាន់ទុក្ខទូទាំងប្រទេស នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ចំពោះមរណភាព ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន។ 


សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា មរណភាពរបស់លោក អាបេ ស៊ិនហ្សូ មិនត្រឹមតែជាការបាត់ប្រកបដោយភាពសោកស្តាយ តក់ស្លុត រន្ធត់ និងអាឡោះអាល័យសម្រាប់តែប្រជាពលរដ្ឋជប៉ុនប៉ុណ្ណោះ តែសម្រាប់ប្រជាពលរដ្ឋនៅលើពិភពលោក រួមទាំងប្រជាពលរដ្ឋកម្ពុជាផងដែរ។


សម្តេចតេជោបានបញ្ជាក់ថា ក្នុងការកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុនទាំងពីរលើកឯកឧត្តម អាបេ ស៊ិនហ្សូ បានប្រឹងប្រែងយ៉ាងខ្លាំងដល់ការជំរុញទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា រហូតក្លាយទៅជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំ២០១៣។ បន្ថែមពីលើនោះ ឯកឧត្តម អាបេ ក៏បានជំរុញនូវការផ្តល់ជំនួយគាំទ្រដល់ការអភិវឌ្ឍគ្រប់វិស័យនៅកម្ពុជា រួមទាំងហេដ្ឋារចនាសម្ព័ន្ធផងដែរ។ ឯកឧត្តមអាបេ ក៏ជានាយករដ្ឋមន្ត្រី ដែលបានជំរុញដល់ទំនាក់ទំនងរវាងអាស៊ាន និងជប៉ុន និងជំរុញដល់ទំនាក់ទំនងមេគង្គ-ជប៉ុនផងដែរ។


ដើម្បីសម្តែងនូវការដឹងគុណចំពោះមនោសញ្ចេតនាការស្រឡាញ់ដ៏ស្មោះត្រង់របស់ឯកឧត្តម អាបេ ស៊ិនហ្សូ សម្តេចតេជោ បានសម្រេចឱ្យមានការកាន់មរណទុក្ខនៅទូទាំងប្រទេសមួយថ្ងៃ គឺនៅថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០២២។ សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់គណៈកម្មាធិការបុណ្យជាតិ និងអន្តរជាតិ ឱ្យយកចិត្តទុកដាក់រៀបចំការកាន់មរណទុក្ខនេះ ដោយតម្រូវឱ្យមានការបង្ហូតទង់ជាតិនៅពាក់កណ្តាលដង នៅតាមសាលារៀន និងតាមក្រសួង ស្ថាប័ននានារបស់ជាតិ៕

ឡើងអត្ថបទនៅ: July 08, 2022 | ប្រភេទ:

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី

 នៅព្រឹក ថ្ងៃសុក្រ ១០កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានកំពុងបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព ទីស្ដីការនាយករដ្ឋមន្ត្រី។ 


នៅក្នុងកិច្ចប្រជុំខាងលើនេះ នឹងមានការពិភាក្សា និងឆ្លងរបៀបវារៈមួយចំនួនដូចជា៖


១- សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ។

២- សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ។

៣-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើ៖

៣.១-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ : 

១-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃតំបន់រដ្ឋបាល ពិសេសម៉ាកាវនៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធ នឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេសពន្ធ និងការចៀសវាងពន្ធ។

២-កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋតួកគី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។

៣.២-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃអនុសញ្ញាស្តីពីជំនួយក្នុងករណីមានគ្រោះមហន្ដរាយនុក្លេអ៊ែរ ឬគ្រោះអាសន្នវិទ្យុសកម្ម៕





ឡើងអត្ថបទនៅ: July 07, 2022 | ប្រភេទ:

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាត​ ឱ្យរដ្ឋមន្ត្រីការបរទេសឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

 នៅវិមានសន្តិភាព នាព្រឹកថ្ងៃព្រហស្បតិ៍​ ៩កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញាតឱ្យឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ 



ក្នុងជំនួបនេះ ឯកឧត្តម សាលើមសៃ បានគោរពនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី​ ឯកឧត្តម​ ប្រធានាធិបតី និងឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ជូនដល់សម្ដេចតេជោ ហើយបានសម្ដែងការអបអរសាទរជូនដល់សម្ដេចតេជោ និងគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កន្លងមក។ លទ្ធផលនៃការបោះឆ្នោត គឺឆ្លុះបញ្ចាំងនូវជំនឿចិត្តរបស់ប្រជាជនលើការដឹកនាំនៅនយោបាយដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ។ 



ឯកឧត្តម សាលើមសៃ ក៏បានសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលដឹកនាំអាស៊ាន ទទួលបានជោគជ័យ ហើយ ឯកឧត្តម សាលើមសៃ បានបន្តថា ប្រទេសឡាវ ប្ដេជ្ញាគាំទ្រកម្ពុជា ក្នុងការដឹកនាំជាប្រធានអាស៊ាន ជាពិសេសវិធានការរបស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយលើបញ្ហាប្រទេសមីយ៉ាន់ម៉ា។



ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សាលើមសៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះសម្ដេចតេជោ និង រាជរដ្ឋាភិបាលកម្ពុជា ដែលបានបន្តជួយដល់ប្រទេសឡាវ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងទាំងវិស័យដទៃទៀត។ ឯកឧត្តម ក៏បានគោរពសុំអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ធ្វើយ៉ាងណាឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែប្រសើរឡើងមុនពេលប្រជុំគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ឡាវ ។ 



ជាការឆ្លើយតប  សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ​ ឯកឧត្តម សាលើមសៃ ដែលបាននាំជូនសម្ដេចតេជោនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមប្រធានាធិបតី និងឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ។ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណផងដែរដល់ឯកឧត្តម សាលើមសៃ ចំពោះការសម្ដែងនូវការអបអរសាទរពីលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងការគាំទ្រកម្ពុជា ក្នុងការដឹកនាំអាស៊ាន ជាពិសេសក្នុងការស្វែងរកដំណោះស្រាយឱ្យប្រទេសមីយ៉ាន់ម៉ា។




សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ឡាវ យើងគប្បីណារួមគ្នា វាយតម្លៃ និងដាក់ចេញនូវនយោបាយដែលជួយគ្នាទៅវិញទៅមក និងបំពេញឱ្យគ្នាទៅវិញទៅមកដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ

ឡើងអត្ថបទនៅ: July 06, 2022 | ប្រភេទ: