ស្វែងរកអត្ថបទ

ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយសួរសុខទុក្ខគ្រួសារលោកអនុសេនីយ៍ឯក ហ៊ុន ឡា ជំនួយការអាវុធហត្ថខណ្ឌដូនពេញ ដែលជួបទុក្ខលំបាកដោយសារអគ្គីភ័យឆាបឆេះគេហដ្ឋាន

 


នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ក្រុមការងារ ដឹកនាំដោយ លោកឧត្ដមសេនីយ៍ត្រី ម៉ក់ សាវុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាំយកថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារៈមួយចំនួនចូលរួមចំណែកសម្រាលទុក្ខលំបាកដល់គ្រួសារលោកអនុសេនីយ៍ឯក ហ៊ុន ឡា ជំនួយការអាវុធហត្ថខណ្ឌដូនពេញ ដែលជួបទុក្ខដោយសារអគ្គីភ័យឆាបឆេះគេហដ្ឋាន។ 



ឆ្លៀតក្នុងឱកាសនោះ ក្រុមការងារ បាននាំយកថវិកាចំនួន 4 លានរៀល, ស័ង្គសី 50 សន្លឹក, អង្ករ 2 បាវ, មី 1 កេសធំ, ទឹកសុទ្ធ 2 កេស, ត្រីខកំប៉ុង 2 យួរ, ទឹកត្រីទឹកសុីអុីវ 2 យួរ និង អំណោយរបស់មូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ មាន អង្ករ​  2 បាវ, មី 2 កេសតូច, ទឹកស៊ីអុីវ  2 យួរ, ទឹក​ត្រី​  2 យួរ,  ត្រីខកំប៉ុង 1 កេស, ទឹកសុទ្ធ​  5 កេស ទឹកក្រូច 2 កេស និង ថវិកា 1 លាន 73 ម៉ឺនរៀល ព្រមទាំង សាលាខណ្ឌដូនពេញ បានជួយឧបត្ថម្ភជាថវិកាចំនួន 1 លាន 20 ម៉ឺនរៀល ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកគ្រួសារលោកអនុសេនីយ៍ឯក ហ៊ុន ឡា ផងដែរ៕



ឡើងអត្ថបទនៅ: August 17, 2022 | ប្រភេទ:

សម្ដេចតេជោ ហ៊ុន សែន បញ្ជាអោយបញ្ឍប់ការផ្ដាច់មុខផ្ដល់សេវាទូរស័ព្ទ និងអ៉ិនធើណែត នៅក្នុងបុរី

 


នៅក្នុង ពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាអោយបញ្ឍប់ការកុងត្រាផ្ដាច់មុខរវាងក្រុមហ៊ុនសេវាទូរស័ព្ទ និងសេវាអ៉ិនធើណែត ជាមួយ ក្រុមហ៊ុនបុរី ដែលបានបង្កផលលំបាកយ៉ាងខ្លាំងក្នុងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋរស់នៅក្នុងបុរី ដោយសារបញ្ហា មិនមានសេវាទូរស័ព្ទ និង អ៉ិនធើណែត ក្នុងបុរី។ 


សម្ដេចតេជោ បានបញ្ជាក់ថា ការងារនេះ ត្រូវធ្វើឡើងតាមរយៈការប្រកួតប្រជែងរវាងក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទ និងអ៉ិនធើណែត ដើម្បីសម្រួលដល់ការប្រើប្រាស់ របស់ប្រជាពលរដ្ឋរស់នៅក្នុងបុរី ៕

ឡើងអត្ថបទនៅ: August 16, 2022 | ប្រភេទ:

ឯកឧត្តម រ័ត្ន ស៊្រាង អញ្ជើញជាអធិបតី ក្នុងវេទិកាសាធារណៈ ជាមួយប្រជាពលរដ្ឋ ដើម្បីស្វែងរកផលប្រយោជន៍រួម ដែលរៀបចំឡើងដោយ រដ្ឋបាលខណ្ឌដង្កោ!

 


នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខណ្ឌដង្កោ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដង្កោ អាណត្តិទី៣ ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ លោក ម៉ៃ ម៉ុន ប្រធានក្រុមប្រឹក្សាខណ្ឌដង្កោ និងលោកស្រី គឹម ញឹប អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ ព្រមទាំងលោក លោកស្រី សមាជិកក្រុមប្រឹក្សាខណ្ឌ, លោកអភិបាលរងខណ្ឌ,នាយក-នាយករងរដ្ឋបាលខណ្ឌ,មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ,តំណាងអធិការនគរបាលខណ្ឌ, ប្រធាន-អនុប្រធានការិយាល័យចំណុះខណ្ឌ, ចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់, នាយកអនុវិទ្យាល័យ និងបឋមសិក្សា, ប្រធានមន្ទីរពេទ្យស្រុកប្រតិបត្តិដង្កោ,ប្រធានមណ្ឌលសុខភាព និងលោក លោកស្រី មេភូមិ អនុប្រធានភូមិ អង្គភាពជំនាញពាក់ព័ន្ធ និងប្រជាពលរដ្ឋសរុបចំនួន ៤៤៥នាក់, ស្រី ១៨៧នាក់។


នៅក្នុងវេទិកា ប្រជាពលរដ្ឋបានលើកឡើងនូវសំណូមពរនិងសំណើ ចំនួន ៥០សំណើ ដាក់ជូនគណអធិបតីដើម្បីផ្តល់ដំណោះស្រាយជូនពួកគាត់ ដែលក្នុងនោះមានសំណូមពរផ្ទាល់មាត់ ចំនួន ០៣ និងសំណើលាយល័ក្ខអក្សរ ចំនួន ៤៧។

គណៈអធិបតីបាន ធ្វើការឆ្លើយបំភ្លឺ បកស្រាយពីលទ្ធភាពដំណោះស្រាយជាក់ស្តែង តាមសំណើនិមួយៗរបស់ប្រជាពលរដ្ឋ ដោយស្មារតីទទួលខុសត្រូវខ្ពស់។





ក្នុងឱកាសបើកវេទិកានោះផងដែរ ឯកឧត្តម រ័ត្ន ស៊្រាង ក៏បាននាំយកនូវអាហារសម្រន់ ចែកជូនដល់សមាជិកចូលរួមទាំងអស់ បានបរិភោគរួមគ្នា ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត៕





ឡើងអត្ថបទនៅ: August 10, 2022 | ប្រភេទ:

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ


 នៅព្រឹកថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។


ពិធីប្រគល់សញ្ញាបត្រនេះ គឺធ្វើឡើងចំថ្ងៃខួបកំណើតរបស់សម្តេចតេជោ គម្រប់ ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ។ សម្តេចតេជោ បានប្រសូតនៅថ្ងៃអង្គារ ១៥កើត ខែពេញបូណ៌មី ឆ្នាំរោង ចត្វាស័ក ព.ស ២៤៩៦ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២។



សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំមួយរូបរបស់កម្ពុជា បានលះបង់អស់កម្លាំងកាយចិត្ត និងបញ្ញាញាណ ជាមួយទឹកចិត្ត ឆន្ទៈមនសិកាស្នេហាជាតិ និងប្រជាជនយ៉ាងជ្រាលជ្រៅ ក្នុងការកសាង និងអភិវឌ្ឍន៍សង្គមកម្ពុជា។ កម្ពុជា ជាប្រទេសដែលបានរងការយាយី និងបំផ្លាញខ្ទេចខ្ទីព្រោះតែភ្លើងសង្គ្រាម។

ក្នុងនាមជាមេដឹកនាំទទួលខុសត្រូវខ្ពស់លើជោគវាសនាជាតិ និងប្រជាជនកម្ពុជា ចាប់តាំងពីឆ្នាំ១៩៨៥មក សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ និងប្តូរផ្តាច់យ៉ាងខ្លាំងក្លាបំផុត។



ក្រោមកិច្ចប្រឹងប្រែងដោយមិនខ្លាចនឿយហត់ និងឥតសន្សំសំចៃកម្លាំងកាយចិត្ត និងបញ្ញាញាណ សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យកម្ពុជាដែលរុំព័ទ្ធដោយផ្សែងនៃភ្លើងសង្គ្រាម រុំព័ទ្ធដោយភាពក្រីក្រ ក្លាយទៅជាប្រទេសមួយមានសុខសន្តិភាព មានការអភិវឌ្ឍ និងទទួលបានភាពរីកចម្រើនគួរឱ្យកត់សម្គាល់។ ការផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺជាការទទួលស្គាល់ចំពោះស្នាដៃដ៏ចំណានរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំកសាង និងអភិវឌ្ឍន៍សង្គមកម្ពុជាឱ្យមានភាពចម្រើនលូតលាស់ ប្រជាពលរដ្ឋរស់នៅក្នុងវិបុលភាព។ សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ គឺជាការផ្តល់តម្លៃយ៉ាងខ្ពស់ខ្ពស់បំផុតចំពោះមគ្គុទ្ទេសក៍ឯករបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងភាពជាអ្នកដឹកនាំ និងជាអ្នកកសាងអភិវឌ្ឍន៍ដ៏អស្ចារ្យមួយរបស់សង្គមកម្ពុជា។



សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ជូនសម្តេចនាពេលនេះ។ សម្តេចតេជោ បានមានប្រសាសន៍ថា សម្តេចជាអ្នករៀនសូត្រមួយជីវិត ដរាបណានៅមានជីវិត គឺសម្តេចរៀនជារៀងរហូតតែម្តង។ សម្តេចតេជោបានថ្លែងអំណរគុណជំពោះឧត្តមភរិយាដែលតែងតែគាំទ្រ និងផ្តល់កម្លាំងចិត្តដល់សម្ដេចជានិច្ច ។ សម្តេចក៏បានថ្លែងនូវការកោតសរសើរកូនៗ ដែលតែងតែស្តាប់ដំបូន្មានរបស់សម្តេចជាឪពុក ធ្វើឱ្យសម្តេចក្លាយទៅជាឪពុកដ៏ល្អ។



នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរព្រះគុណ ដល់ព្រះមហាក្សត្រ និងសម្តេចម៉ែ ដែលបានប្រទានពរដល់សម្តេច ក្នុងឱកាសខួបកំណើតសម្តេចនាថ្ងៃនេះ និងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ដែលបានផ្ញើសារជូនពរសម្តេចផងដែរ។



សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីភាពជោគជ័យចំនួន២ដែលធ្វើឱ្យកម្ពុជាអាចរៀបចំកិច្ចប្រជុំអាស៊ានបាន បន្ទាប់ពីកិច្ចប្រជុំនេះមិនអាចធ្វើបានដោយពេញលេញ២ឆ្នាំមកហើយ។ សម្ដេចបានមានប្រសាសន៍ថា អ្វីដែលអាចឱ្យកម្ពុជាអាចរៀបចំបាននោះគឺកត្តាសន្ដិភាព និងការគ្រប់គ្រងជំងឺកូវីដ-១៩ បានល្អរបស់កម្ពុជា។ កត្តាសន្ដិភាពគឺជារឿងសំខាន់ ដែលនាំឱ្យថ្នាក់មន្ត្រីជាន់ខ្ពស់របស់ប្រទេសអាស៊ាន និងប្រទេសជាមិត្តអាចធ្វើដំណើរមកចូលរួមកិច្ចប្រជុំ និងកម្សាន្តបានយ៉ាងល្អគ្មានបញ្ហាកើតឡើង។ សម្ដេចបន្ថែមថាបញ្ហាសំខាន់មួយទៀតដែលឱ្យកម្ពុជាអាចរៀបចំបាននោះគឺ ការគ្រប់គ្រងជំងឺកូវីដ-១៩ បានល្អដែលបានបើកសង្គមសេដ្ឋកិច្ច និងទេសចរណ៍ ជាពិសេសគឺគ្មានមនុស្សស្លាប់ដោយសារជំងឺនេះ។



សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា ការកាន់តំណែងជាប្រធានអាស៊ានឆ្នាំ២០២២គឺមិនមែនជារឿងងាយស្រួលនោះទេ ព្រោះមានបញ្ហាជាច្រើនដែលមិនធ្លាប់មានពីមុនមកដែលត្រូវដោះស្រាយ។ សម្ដេចបានមានប្រសាសន៍ថា សូម្បីតែការរៀបចំកៅអីសម្រាប់រដ្ឋមន្ត្រីការបរទេសប្រទេសនីមួយៗអង្គុយក៏ត្រូវគិតគូរឱ្យបានច្បាស់លាស់ដោយសារប្រទេសទាំងនោះកំពុងមានបញ្ហាប្រឈមដាក់គ្នា។ សម្ដេចបន្ថែមថា កុំថាឡើយការរៀបកៅអី ការចេញសេចក្ដីថ្លែងការណ៍ក៏មិនងាយស្រួលដែរ តែសម្ដេចតេជោបានបញ្ជាក់ថា កម្ពុជានៅតែមានសមត្ថភាពសម្របសម្រួល៕


ឡើងអត្ថបទនៅ: August 05, 2022 | ប្រភេទ:

មរណៈភាពរបស់ សមាជិកអាវុធហត្ថរាជធានីភ្នំពេញម្នាក់ បានរំជួលដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន!

 


នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម វេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា តំណាង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសហការី បាននាំយក ថវិកាចំនួន ៥,០០០,០០០រៀល និងគ្រឿងឧបភោគ បរិភោគ រួមមាន ៖ ត្រីខ ៥យួរ មី ៥កេស ភេសជ្ជៈ ៥កេស អង្ករ ៤ការ៉ុង ចូលរួមបុណ្យសព លោកព្រិន្ទបាលឯក ឃួន វិសាល សមាជិក កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបានពាំនាំនូវមតិផ្តាំផ្ញើដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់ម្តាយសព នៅគេហដ្ឋាន ភូមិតារាប ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្ដាល។


សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តាំផ្ញើនូវអារម្មណ៍រំជួលចិត្ត ពេលដែលបានដឹងថា សពសមាជិកកងរាជអាវុធហត្ថរាជធានីភ្នំពេញម្នាក់នេះមានប្អូនស្រីវិបល្លាសស្មារតីចាកចោលផ្ទះ ឪពុកទើបតែទទួលអនិច្ចកម្មថ្មីៗ ហើយម្តាយធ្លាក់ខ្លួនឈឺព្រោះតែក្រៀមក្រំមិនទាន់អាចធ្វើចិត្តបំភ្លេចប្តីបាន ឯខ្លួនឯង ខំឆ្លៀតសុំច្បាប់ប្រធានក្រុម ដើម្បីបានទៅកំដរមើលថែលួងលោមម្តាយ តែមិននឹកស្មានថាបែរក្លាយទៅជាជួបរឿងអកុសល គ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវ ត្រូវរថយន្តធំកិនស្លាប់ តាមទៅកំដរឪពុកដែលទើបអនិច្ចកម្ម ធ្វើឲ្យអ្នកម្តាយកាន់តែខ្លោចចិត្តខ្លាំងទ្វេរឡើង។



លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ ទឹកចិត្តសណ្តោសប្រណី របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាល លោកតែងតែគិតគូពីសុខទុក្ខ ដល់កងកម្លាំងគ្រប់ប្រភេទ ជាពិសេសបានចាត់តំណាងនាំយកថវិកា និងគ្រឿងឧបភោគ បរិភោគ មកចូលរួមបុណ្យសពសមាជិក អាវុធហត្ថរាជធានីភ្នំពេញ នាពេលនេះ៕



ឡើងអត្ថបទនៅ: August 04, 2022 | ប្រភេទ:

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបតំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខ នយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប

 


នៅវិមានសន្តិភាព នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែសីហា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ចូសិប បូររែល ហ្វុនតេលលេស (Josep Borrll Fontelles) តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខ នយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប ដឹកនាំគណៈប្រតិភូជួបសម្តែងការគួរសម និងពិភាក្សាការងារ។



ឯកឧត្តម ចូសិប បូររែល បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តម បានទៅធ្វើទស្សនកិច្ចនៅខេត្តសៀមរាប និងបានដើរ ១៦ម៉ោង ទស្សនាប្រាង្គប្រាសាទដ៏អស្ចារ្យ ដែលរំលេចនូវភាពកំពូលមិនត្រឹមតែផ្នែកសិល្បៈទេ ប៉ុន្តែថែមទាំងផ្នែកស្ថាប័ត្យកម្មផង ។ ឯកឧត្តមបន្ថែមថា ប្រាង្គប្រាសាទនៅកម្ពុជា គឺជាទ្រព្យសម្បត្តិដ៏មហាសាលរបស់មនុស្សជាតិ ។



ឯកឧត្តម ចូសិប បូររែល បានសម្ដែងនូវការគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះភាពដឹកនាំជាប្រធានអាស៊ានរបស់កម្ពុជា និងបានពិភាក្សាជាមួយសម្ដេចតេជោ អំពីបញ្ហាកិច្ចសហប្រតិបត្តិការការអភិវឌ្ឍរបស់សហភាពអឺរ៉ុបនៅកម្ពុជា ករណីអនុគ្រោះពន្ធគ្រប់មុខទំនិញលើកលែងសព្វាវុធ (EBA) កិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-សហភាពអឺរ៉ុប និងបញ្ហារស្ស៊ី អ៊ុយក្រែន រួមទាំងករណីមីយ៉ាន់ម៉ាផងដែរ ។



ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្កៅជូនចំពោះវត្តមានរបស់ឯកឧត្តម ចូសិប បូររែល និងគណៈប្រតិភូសហគមន៍អឺរ៉ុបនៅកម្ពុជា។ សម្តេចតេជោ បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប ដែលបានគាំទ្រដល់កម្ពុជា ក្នុងឱកាសជាប្រធានកិច្ចប្រជុំកំពូលអាស៊ី-អ៊ឺរ៉ុប លើកទី១៣ ដែលបានបញ្ចប់ដោយជោគជ័យកាលពីខែវិច្ឆិកាឆ្នាំ២០២១ ហើយក៏បានថ្លែងអំណរគុណសហភាពអឺរ៉ុប ចំពោះការគាំទ្រដល់កម្ពុជា ជាប្រធានអាស៊ាន ឆ្នាំ២០២២ និងតួនាទីជាប្រេសិតពិសេសនៃប្រធានអាស៊ានឆ្នាំ២០២២ ស្តីពីមីយ៉ាន់ម៉ា។



សម្ដេចតេជោនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កា នៃកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា សហភាពអឺរ៉ុប លើកទី១១ កាលពីខែមីនា ឆ្នាំ២០២២ ដែលបានរួមចំណែកដល់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ។ សម្ដេច ក៏បានថ្លែងអំណរគុណផងដែរដល់សហភាពអឺរ៉ុប ចំពោះការផ្ដល់ជំនួយកិច្ចសហប្រតិបត្តិការដល់កម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២ មក ដែលបានចូលរួមយ៉ាងសំខាន់ដល់ការអភិវឌ្ឍកម្ពុជា និងសូមវាយតម្លៃខ្ពស់ចំពោះសហភាពអឺរ៉ុប ដែលបានផ្ដល់ជំនួយជាវ៉ាក់សាំង តាមរយៈយន្តការ កូវ៉ាក់ និងហិរញ្ញប្បទានកន្លងមក ដែលបានចូលរួមចំណែកដល់ភាពជោគជ័យរបស់កម្ពុជា ក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងស្ដារសេដ្ឋកិច្ចសង្គមកម្ពុជាឡើងវិញ។



សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា កម្ពុជា គាំទ្រចំពោះគំនិតផ្ដួចផ្ដើមឱ្យមានការរៀបចំប្រជុំកំពូលរំឭកខួប ៤៥ឆ្នាំនៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន-សហភាពអឺរ៉ុប នៅក្នុងខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ហើយសម្ដេចជឿជាក់ថា លទ្ធផលនៃកិច្ចប្រជុំកំពូលនេះ និងរំលេចពីសារៈសំខាន់ ហើយពង្រីកបន្ថែមនូវភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប ដែលកម្ពុជា គាំទ្រគោលការណ៍ចំពោះឯកសារទស្សនៈទានរបស់សហភាពអឺរ៉ុប ស្តីពីសេចក្ដីថ្លែងការណ៍រួមរបស់ដឹកនាំអាស៊ាន-សហភាពអឺរ៉ុប ស្តីពីឥណ្ឌូប៉ាស៊ីហ្វិក ដែលត្រូវអនុម័តនៅក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ានសហភាពអឺរ៉ុប ។ ដោយឡែកករណី E B A សម្តេចនាយករដ្ឋមន្ត្រី បានរំលឹកអំពីអ្វីដែលបានលើកឡើងកន្លងមកនោះ គឺកម្ពុជា មិនយកអធិបតេយ្យភាពខ្លួនទៅដូរយកជំនួយ ឬភាពអនុគ្រោះអ្វីនោះទេ។ ចំពោះករណីរុស្ស៊ី និងអ៊ុយក្រែន សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យមានការពិនិត្យឡើងវិញអំពីការដាក់ទណ្ឌកម្មរុស្ស៊ី ព្រោះថា ការដាក់ទណ្ឌកម្មនេះ មិនប៉ះពាល់តែរុស៊ីទេ ប៉ុន្តែវាធ្វើឲ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរទាំងសេដ្ឋកិច្ច សង្គមទាំងនៅអឺរ៉ុប និងទូទាំងពិភពលោកផង៕


ឡើងអត្ថបទនៅ: August 04, 2022 | ប្រភេទ:

ថ្ងៃស្អែកប្រកាសចូលកាន់មុខតំណែង អភិបាល គណៈអភិបាល ខេត្ត ព្រះវិហារ លោក គឹម រិទ្ធី ជំនួស លោក ប្រាក់ សុវណ្ណ...

 


(ខេត្តព្រះវិហារ)ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ នៅថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ។


យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៧២២/៨៦២ ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានត្រាស់បង្គាប់ លោក គីម រិទ្ធី ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ ជាអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ជំនួស លោក ប្រាក់ សុវណ្ណ ដែលនឹងត្រូវដាក់ឲ្យចូលនិវត្ត។


លោក គីម រិទ្ធី គឺជាអតីត អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល នៅអំឡុងឆ្នាំ២០១៤ រហូតដល់ ខែកុម្ភះឆ្នាំ២០២២ ទើបរាជរដ្ឋាភិបាល សម្រេចផ្ទេរភារកិច្ចលោក ពីអភិបាលរងខេត្តកណ្តាល ឲ្យមកកាន់តំណែងជា អគ្គនាយករង នៃអគ្គនាយករដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។

នាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានជម្រាបជូន អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ស្តីពីការរៀ

បចំពិធីប្រកាសចូលកាន់មុខតំណែង អភិបាល ,អភិបាលរង នៃគណៈអភបាលខេត្តព្រះវិហារ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃសុក្រទី៥ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ នៅសាលប្រជុំខេត្តព្រះវិហារ។ លោក គីម រិទ្ធី នឹងត្រូវប្រកាសចូលកាន់មុខតំណែងជា អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ដើម្បីដឹកនាំរដ្ឋបាលខេត្តព្រះវិហារ បន្តពីលោក ប្រាក់ សុវណ្ណ។


នៅក្នុងពិធីនោះទៀត សម្តេចក្រឡាហោម ស ខេង ក៏នឹងត្រូវប្រកាសឲ្យចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ ជាច្រើនរូបទៀត ផងដែរ៕



ឡើងអត្ថបទនៅ: August 03, 2022 | ប្រភេទ:

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ


 


នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា ភ្នំពេញ។ 


កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ គឺជាវេទិកាដ៏មានសារៈសំខាន់សម្រាប់អាស៊ាន ក៏ដូចជាដៃគូសន្ទនា ដើម្បីពិនិត្យ និងពិភាក្សាលើបញ្ហាទាំងឡាយ ហើយដាក់ចេញជាសេចក្តីសម្រេចចិត្តនានាសម្រាប់មេដឹកនាំកំពូលរបស់អាស៊ាន និងប្រទេសដៃគូសន្ទនា សម្រេចក្នុងកិច្ចប្រជុំកំពូលរបស់អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។ 


ខាងក្រោមនេះ គឺជាសុន្ទរកថាទាំងស្រុងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន។









ឡើងអត្ថបទនៅ: August 02, 2022 | ប្រភេទ: